តាមគេហទំព័រ Cambodia Research បានឲ្យដឹងថា យោងទៅតាមភស្តុតាងនានាដូចជាកាំភ្លើងធំ និងសិលាចារឹកផ្សេង អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ជនជាតិខ្មែរធ្លាប់បានផលិតកាំភ្លើងធំតាំងពីសម័យអង្គរមកម្ល៉េះ ពោលគឺមុនប្រទេសចិនទៅទៀត។
គេហទំព័រ Cambodia Research បានឲ្យដឹងថា តាមរយៈកាំភ្លើងធំមួយចំនួនដែលតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ មានកាំភ្លើងធំខ្លះបានចារឹកអក្សរខ្មែរសម័យបុរាណនៅលើតួ។ ហើយតាមអ្នកស្រាវជ្រាវ អក្សរនោះមានន័យថា «អ្នកចៅហ៊្វា ជាអ្នកចៅពញាអព្ភៃធីបែស ឲ្យធ្វើនៅមហាសករាជ ១៧១០ វក នក្សត្រ ១០ កើត ចេត្ត មេសា អង្គារពារ ដែលត្រូវគ្នានឹងគ្រិស្តសករាជ ១៧៨៨»។
តាមអត្ថន័យនេះបានបង្ហាញថា កាំភ្លើងធំទាំងនោះ ត្រូវបានបញ្ជាឲ្យធ្វើដោយមនុស្សម្នាក់ ដែលមានពាក់ព័ន្ធទៅនឹងដំណើរប្រវត្តិសាស្រ្តខ្មែរដែរ នោះគឺមន្រ្តីធំម្នាក់ឈ្មោះ ចៅពញាអភ័យធីបែសបែន ឬឧកញ៉ា បែន ដែលជាអ្នកលើកទ័ពនាំព្រះអង្គអេង យាងមកសោយរាជ្យនៅប្រទេសខ្មែរ ហើយក៏ជាអតីតចៅហ្វាយខេត្តបាត់ដំបង អំឡុងឆ្នាំ១៧៩៤ផងដែរ។
ដូច្នេះតាមរយៈភស្តុតាង អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ដូនតាខ្មែរប្រហែលជាធ្លាប់បានផលិតកាំភ្លើងធំសម្រាប់ប្រើប្រាស់ ក្នុងប្រទេសតាំងពីយូរលង់កន្លងមកហើយ៕